មិន​ថា​តាម​ខេត្ត​ឬ​រាជធានី​ភ្នំពេញ​សុទ្ធសឹងតែ​មាន​បើក​ល្បែង​បំពាន​ច្បាប់​ដូច​តែ​គ្នា​ទេ​

មិន​ថា​តាម​ខេត្ត​ឬ​រាជធានី​ភ្នំពេញ​សុទ្ធសឹងតែ​មាន​បើក​ល្បែង​បំពាន​ច្បាប់​ដូច​តែ​គ្នា​ទេ​

ការ​ផ្អើល​ល្បែង​ជល់​មាន់នៅ​បន្ទាយ​ចក្រី​ក្នុង​ខេត្តព្រៃវែង​បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម តាមពិតទៅ វា​ពុំ​មែន​ជា​បទល្មើស​ចម្លែក​ស្អី​នោះទេ ។ ព្រោះ​មិន​ថា​នៅ​តាម​បណ្ដា​ខេត្ត ឬ​រាជធានី​ភ្នំពេញ គឺ​សុទ្ធសឹងតែ​មាន​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ បើ​ទោះបី​មាន​បទបញ្ជា​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​តម្រូវ​ឲ្យ​អាជ្ញាធរ​ឃុំ​-​សង្កាត់​-​ស្រុក​-​ខណ្ឌ​-​ខេត្ត​-​រួម​ទាំង​រាជធានី​ភ្នំពេញ​ក្ដី គឺ​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​រៀបចំ​តាក់តែង​គោលនយោបាយ​ដោយ​ក្រសួង​មហាផ្ទៃ​ក៏​ដោយ ។

​តួ​យ៉ាង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង ដែល​សាងសង់​រោង​នៅលើ​អគារ​ភ្នាល់​ស៊ីសង​រាប់ម៉ឺន​រាប់សែន​ដុល្លា​ក្នុង​មួយថ្ងៃៗ​នៅ​សង្កាត់​អូរ​ឬ​ស្សី​ខណ្ឌ​7​មករា រួម​ទាំង​បំបែក​សាខា នៅតាម​បណ្ដា​ខណ្ឌ​ថែមទៀត​ផង ។ សួរថា មាន​អ្នក​សា​ព័ត៌មាន​ជើង​ខ្លាំង​ជើង​ខ្លោច​ណា​ហ៊ាន​ធ្វើ​ការចុះផ្សាយ​ឲ្យ​វិនា​សអន្តរាយ​បាន ។ មាន​ខ្លះ​ដែរ ដូច​ឃើញ​នៅក្នុង​ហ្វេ​សប៊ុក​កន្លងមក ដូច​កាល​ព័ត៌មាន​កីឡា​មិនទាន់​ត្រូវបាន​ក្រសួង​បិទ អាជ្ញាប័ណ្ណ​អ្នកអាន​ព័ត៌មាន​មិន​ត្រឹមតែ​ផ្សាយ​វាយប្រហា​មេ​ល្បែង​រួមទាំង​លោក ឃួ​ង ស្រេង យ៉ាង​ចាស់ដៃ​ប៉ុណ្ណោះ​ទេ សូម្បី​អ្នកសារព័ត៌មាន​ដូច​គ្នា​ក៏​ត្រូវ​ទទួលរង​ដៀលត្មេះ​ថា បាន​យក​ប័ណ្ណ​ទៅ​បើក​លុយ​ពី​មេ​ល្បែង​ភ្នាល់​ទឹកភ្លៀង​ផងដែ ។ ក្រោយមក​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ត្រូវបាន​ទម្លាក់​មិន​ខុស​ពី​ពាក្យ​គេ​ថា​ចង្អុល​ដៀលត្មេះ​គេ​តែ​ម្រាមដៃ​មួយទេ ប៉ុន្តែ​ពុំ​បាន​មើលឃើញ​ម្រាមដៃ 4 ទៀត កំពុង​ចង្អុល​មក​ខ្លួនឯង​នោះ​ទេ​។

​ដូច​ករណី​ល្បែង​អន​ឡាញ​នៅ​ទល់មុខ​ព្រលានយន្តហោះ​ចាស់​មាន​ជនជាតិ​ខ្មែរ​-​ចិន​ចូល​លេង​ព្រោងព្រាត​ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចូល​តាម​ច្រក​ស្តុប​ផ្សារ​ព្រៃទារ ដូច​ឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់ ។ ទោះបី​មាន​ការចុះផ្សាយ​តាម​បណ្ដាញ​សង្គម រិះគន់​អធិការ​និង​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ និង​សមត្ថកិច្ច​ហាក់​ធ្វើ​អត់​ដឹង​រឿង​ទៅ​កើត ។​

​សរុប​សេចក្ដី​ទៅ​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ បើ​គ្មាន​លុយ គ្មាន​អំណាច គឺ​គេ​ចាប់​ហើយ​កុំទៅ​ឆ្ងល់​ពេក ។ ព្រោះ​បទបញ្ជា​ឲ្យ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង វា​ហាក់បីដូច​គ្រាន់តែ​ជា​សារ​នយោបាយ​សម្រាប់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មាន​លេស​ក្នុង​ការស្វែងរក​លាភសក្ការៈ​តែប៉ុណ្ណោះ ។ ដូច​ករណី ដែល​បាន​រៀបរាប់​ជា​តឹកតាង តិចទួច និង​បញ្ជាក់បាន​ថា បើ​បទល្មើស​ល្បែងស៊ីសង​ពិតជា​ត្រូវ​បង្ក្រាប​មែន​នោះ គឺ​ពិតជា​គ្មាន​អាថ៌កំបាំង​ដែល​អាច​លាក់លៀម​ពី​ភ្នែក​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ឡើយ​៕

រូបភាពអ្នកយាមទីតាំងល្បែងអនឡាញ នៅសង្កាត់ចោមចៅខណ្ឌពោសែនជ័យ

 

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ