បើផ្អែកតាមកម្រងនិពន្ធរឿងតេជោយ៉ត មិនដឹងថាមានជាប់ពាក់ព័ន្ធទៅនឹងឯកសារប្រវត្តិសាស្ត្រ ឬក៏និពន្ធតាមសីលាចរិកនោះទេ ដោយគ្រាន់តែដឹងថា មានការសម្ដែងជាល្ខោនបាសាក់ក្នុងទសវត្សន៍ឆ្នាំ 80 សិប ។ នៅក្នុងសាច់រឿងបានបង្ហាញថា (យ៉ត) គ្រាន់ជាមន្ត្រីដែលតេជោមាសស្រឡាញ់ នឹងជឿទុកចិត្តធ្វើជាមន្ត្រីជំនិត្យតែប៉ុណ្ណោះ ។ នៅពេលតេជោមាសជាប់ដៃប្រយុទ្ធជាមួយស្ដេចសម្រែ បណ្ដាលឲ្យរងរបួស គឺបាននាយ យ៉ត ចូលប្រយុទ្ធជាមួយស្ដេចសម្រែ រហូតរំដោះតេជោមាស រួចផុតពីស្ដេចសម្រែ ។ នៅពេលតេជោមាសស្លាប់ទៅ កេរ្តិ៍ឈ្មោះជំនិតយ៉ត ក្នុងការប្រយុទ្ធបានដឹងដល់ស្ដេច នៅពេលកើតមានសង្គ្រាមឈ្លានពានពីទ័ពសៀម ព្រះអង្គក៏បានតែងតាំងគោរម្យងារតេជោដល់យ៉ត ដើម្បីដឹកនាំកេណ្ឌទ័ព ទៅបណ្ដេញពួកចោរឈ្លានពានសៀម ។ ប៉ុន្តែមុននឹងដឹកនាំកងទ័ពចេញទៅបណ្ដេញចោរសៀម តេជោយ៉តបានប្រើដាវអាជ្ញាសឹកដែលប្រទានឲ្យពីព្រះមហាក្សត្ររៀបចំហ្វឹកហ្វឺនកងទ័ពឲ្យស្ដាប់បញ្ជានឹងផ្ដល់កម្លាំងចិត្តដល់កងទ័ពប្រើដាវអាជ្ញាសឹកសម្លាប់ប្អូនថ្លៃស្ដេចដែលហ៊ានប្រឆាំងនឹងបទបញ្ជាអោយអូសឬស្សីបញ្ច្រាសចុង ។
ក្រោយចេញធ្វើសឹកបណ្ដេញទ័ពសៀមឈ្លានពានខ្លះស្លាប់ខ្លះរត់ទៅស្រុកវិញអាចចាត់ទុកជាមេរៀនក្នុងសម័យកាលសម្ដេចអគ្គមហាសេនាបតីតេជោបច្ចុប្បន្ន និងជាអគ្គមេបញ្ជាការផ្កាយមាស5ផុតលេខ តើគួរធ្វើការបោសសម្អាតពួកមន្ត្រីពុករលួយប្រើតួនាទីកេងប្រវ័ញ្ចប្លន់ដីប្រជាពលរដ្ឋជាមុនសិនដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពដែលជាកូនចៅរបស់ប្រជាពលរដ្ឋ ។ ព្រោះពួកមន្ត្រីខិលខូចស្វែងរកផលប្រយោជន៍ប្លន់ដីរាស្ត្រធ្វើមានធ្វើបាននេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋនិងកងទ័ពបាក់ទឹកចិត្ត ព្រោះបើតាមកាសង្កេតជាក់ស្ដែងសូម្បីមន្ត្រីក្នុងក្រសួងរៀបចំដែនដីក៏ហ៊ានធ្វើរបាយការណ៍ភូតកុហក់រដ្ឋមន្ត្រីបង្កវិនាសកម្មដល់ប្រជាពលរដ្ឋឲ្យរងទុក្ខបាត់បង់ដីធ្លីផងដែរ ។
បច្ចុប្បន្ន ពួកសៀមឈ្លានពានបានឈ្លានពានយកដីខ្មែរបណ្ដេញប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឈូសឆាយបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នង គឺជាសោកនាថកម្មដែលមិនអាចកាត់ថ្លៃបានឡើយ ។ តើតេជោបច្ចុប្បន្នគួរធ្វើការកែទម្រង់បោសសម្អាតមន្ត្រីពុករលួយ ដើម្បីឲ្យប្រជារាស្ត្រដែលជាមាតាបិតាកងទ័ពរួចផុតពីការជិះជាន់ជាមុនទើបជម្រុញនឹងលើកទឹកចិត្តឲ្យកងទ័ពអាចវាយរំដោះយកទឹកដីមកវិញបាន ៕




