ជនជាតិ​ចិន​មាន​ចំនួន ៥០០​នាក់ ត្រូវ​បាន​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ( Online Scams )

ជនជាតិ​ចិន​មាន​ចំនួន ៥០០​នាក់ ត្រូវ​បាន​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ( Online Scams )

រាជធានី​ភ្នំពេញ​÷ នៅ​យប់​ថ្ងៃទី​១៥ ឈានចូល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ធ្វើ​ការបណ្តេញ​ជន​ជាតិចិន​សរុប​ចំនួន ៥០០​នាក់ (​ស្រី​១៣​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) និង​ករណី​លួច​ស្នាក់នៅ ធ្វើ​ការងារ​ខុសច្បាប់ ត្រូវ​បាន​បណ្ដេញចេញ​តាមរយៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាស​អន្តរជាតិ​តេជោ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាស​កងកេង ( ខេត្ត​ព្រះសីហនុ )​។​

​ក្នុង​ការបណ្ដេញ​ចេញ​ជ​ន​ជាតិ​បរទេស​ខាងលើនេះ គឺជា​ការ អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោស សំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការលើកលែង​នោះឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូចជា​ការជួយ​សង្គ្រោះ​ជន​រង គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិលត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ៕

​ប្រភព និង​រូបភាព​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

Filed in: ព័ត៌មានក្នុងប្រទេស