ដោយ÷រ៉ាន់ សាម៉េត÷
ខេត្តកំពង់ធំ÷កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្រោយពីមានការទម្លាយភស្តុតាងជាខ្សែអាត់សំឡេង និងបញ្ជីខ្មៅដែលបង្ហាញពីទង្វើមិនប្រក្រតីរបស់លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ដែលត្រូវបានពលរដ្ឋចោទថា បានប្រើប្រាស់តួនាទី និងអំណាចរដ្ឋមកធ្វើជា “របាំង” ដើម្បីកេងចំណេញផ្ទាល់ខ្លួន និងជម្រិតទារលុយពីប្រជាពលរដ្ឋស្លូតត្រង់។ ភស្តុតាង÷សារសំឡេង និងបញ្ជីខ្មៅ”ប្រព័ន្ធទារលុយ” ។
យោងតាមប្រភពព័ត៌មានដែលបែកធ្លាយកាលពីថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ សារសំឡេង និងបញ្ជីឈ្មោះអ្នករកលាស រកខ្ចៅ ត្រូវបានគេដឹងថាផ្ញើចេញពីលោក ហុក មុន ដោយផ្ទាល់។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការរៀបចំ “ប្រព័ន្ធសេដ្ឋកិច្ចងងឹត” យ៉ាងមានរបៀបវារៈ ក្រោមលេសយកថវិកាទៅ “ប្រក់ដំបូលស្នាក់ការ” នៅតំបន់បាឡត ប៉ុន្តែធាតុពិតគឺជាការដាក់កំហិតបង្ខំឱ្យពលរដ្ឋបង់លុយតាមក្បាលទូក និងតាមរយៈផលនេសាទទៅវិញ។
សំឡេងដង្ហើយយំពីប្រជាពលរដ្ឋ “មិនលក់ឱ្យប្រពន្ធមន្ត្រីគឺស្មើនឹងបទល្មើស”
ប្រជាពលរដ្ឋនៅភូមិបាឡត បានទម្លាយទាំងទឹកភ្នែកថា ជីវភាពរបស់ពួកគាត់កំពុងរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ។ ពួកគាត់បានលើកឡើងថា លោក ហុក មុន មិនត្រឹមតែតម្រូវឱ្យបង់លុយខុសច្បាប់នោះទេ សូម្បីតែផលនេសាទដែលរកបាន ក៏ត្រូវបង្ខំឱ្យលក់ឱ្យ “ក្រុមការងារ” ឬភរិយារបស់លោកក្នុងតម្លៃទាបជាងទីផ្សារ។
បើពួកយើងមិនព្រមលក់ឲ្យគាត់ឬហ៊ានយកទៅលក់ឲ្យម៉ូយផ្សេង លោក ហុក មុន ដឹកនាំកម្លាំងចុះមកកាប់បំផ្លាញ ឧបករណ៍នេសាទយើងចោលភ្លាមៗដោយចោទថាជាឧបករណ៍ខុសច្បាប់។
ចុះពិនិត្យជាក់ស្ដែង÷បទល្មើសពេញទឹកតែភ្នែកមន្ត្រីមើលមិនឃើញ?
នៅថ្ងៃទី៩ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅផ្ដិតរូបភាពផ្ទាល់ដល់ចំណុច “បាឡ ទាល់” ក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ បទល្មើសនេសាទ “សាច់បរក្រឡាញឹក (មួយហ៊ុន)” ជាច្រើនរយម៉ែត្រ កំពុងត្រូវបានដាក់ពង្រាយយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីដែលលោក ហុក មុន គ្របគ្រង។
មហាជនបានដាក់សំណួរថា៖ តើហេតុអ្វីបានជាឧបករណ៍ខុសច្បាប់ដែលបំផ្លាញពូជត្រីយ៉ាងធ្ងន់ធ្ងរបែបនេះអាចរស់នៅយ៉ាង មានសុភមង្គល ក្រោមខ្សែភ្នែកមន្ត្រីជំនាញ? តើនេះជាការអសមត្ថភាព ឬជាការ “បើកដៃ” ប្តូរនឹងផលប្រយោជន៍បុគ្គល?
សំណូមពរ ដល់ថ្នាក់ដឹកនាំខេត្តនិងមន្ទីរពាក់ព័ន្ធ។
ទង្វើទាំងនេះត្រូវបានគេចាត់ទុកថាជាការបំផ្លាញសេចក្តីទុកចិត្តរបស់រាស្ត្រ និងផ្ទុយពីគោលការណ៍ច្បាប់។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងឃុំពាមបាង សូមលើកម្រាមដៃដប់ សំណូមពរយ៉ាងទទូចដល់៖ ឯកឧត្តម នួន ផផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ប៉ែ នសុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មេត្តាជួយបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ និងមានចំណាត់ការវិន័យ ឬផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះបុគ្គលដែលយក “អាវក្រាហ្ស៊ី” មកធ្វើជាអាជីវកម្មផ្ដាច់មុខ ជិះជាន់រាស្ត្រ និងបំផ្លាញធនធានធម្មជាតិ។
សេចក្តីរាយការណ៍នេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សាធារណៈ និងជាសម្លេងជួសមុខឱ្យរាស្ត្រស្លូតត្រង់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកម្ចាត់មន្ត្រីខូចដែលជិះជាន់រាស្ត្រ ដើម្បីភាពស្អាតស្អំក្នុងជួររាជការ។
អង្គភាព យើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតម្លាភាព និងតុល្យភាពព័ត៌មាន ៕



