ដោយ÷រ៉ាន់-សាម៉េត
ខេត្តបាត់ដំបង÷ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ កំពុងរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់លើបញ្ហាសន្តិសុខតាមព្រំដែន និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Scams) ស្រាប់តែពេលនេះ មានការធ្លាយវីដេអូកាមេរ៉ាសុវត្ថិភាពមួយ បង្ហាញពីសកម្មភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ដែលលេចធ្លាយចេញពីតំបន់ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន។
យោងតាមប្រភពវីដេអូកាមេរ៉ាសុវត្ថិភាព ដែលថតបានកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ បានបង្ហាញពីសកម្មភាពជនជាតិថៃចំនួន ០៤នាក់ បានចុះពីលើរថយន្តទំនើបមួយគ្រឿង រួចដើរកាត់មុខប៉ុស្តិ៍ត្រួតពិនិត្យ។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងដាក់ការសង្ស័យបំផុតនោះគឺ គេឃើញមានមន្ត្រីសមត្ថកិច្ចម្នាក់ ដើរចេញពីបន្ទប់ទំនាក់ទំនងច្រកទ្វារដូង ធ្វើជាអ្នកដើរនាំផ្លូវជនជាតិថៃទាំងនោះយ៉ាងរលូន ដើម្បីទៅហែករបងលបឆ្លងដែនទៅខាងប្រទេសថៃវិញ នៅចំណុចក្រោមដើមស្នាយ ក្បែរច្រកទ្វារព្រំដែន ដោយមិនឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយ។
ជុំវិញករណីដ៏រសើបមួយនេះ បានបង្កើតជាសំណួរចាក់ដោតជាច្រើនពីសំណាក់មហាជន៖ តើជនជាតិថៃទាំង ៤នាក់នោះជានរណា? ហើយពួកគេចូលមកកម្ពុជាដោយស្របច្បាប់ដែរឬទេ? ហេតុអ្វីបានជាត្រូវចាកចេញទៅវិញតាមរបងខុសច្បាប់? មហាជនខ្លះបានសង្ស័យថា អាចជាក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Scammers) ឬជាអ្នកពាក់ព័ន្ធ នឹងបទល្មើសណាមួយ ទើបមិនហ៊ានប្រថាប់ត្រាលិខិតឆ្លងដែនចាកចេញតាមបញ្ជរធម្មតា។ តើសមត្ថកិច្ចដែលដើរនាំផ្លូវនោះជាមន្ត្រីស្ថាប័នណា?
ហេតុអ្វីបានជាហ៊ានប្រើតួនាទី និងសិទ្ធិអំណាចរបស់ខ្លួន ទៅបើកដៃនាំផ្លូវឱ្យជនបរទេសឆ្លងដែនខុសច្បាប់ទាំងកណ្តាលថ្ងៃត្រង់បែបនេះ? តើទង្វើនេះធ្វើឡើងដើម្បីផលប្រយោជន៍បុគ្គល ឬមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ?
ទង្វើរបស់បុគ្គលដែលពាក់អាវជាសមត្ថកិច្ចនៅក្នុងវីដេអូនោះ មិនត្រឹមតែជាការរំលោភច្បាប់ស្តីពីអន្តោប្រវេសន៍យ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការមើលងាយដល់ការលះបង់របស់កងទ័ព និងកម្លាំងការពារព្រំដែនដទៃទៀត ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខជាតិទាំងយប់ទាំងថ្ងៃ។ ការបណ្តោយឱ្យមានការលបឆ្លងដែនខុសច្បាប់នៅចំពោះមុខសមត្ថកិច្ចបែបនេះ អាចបង្កើតជាចន្លោះប្រហោងសន្តិសុខដ៏គ្រោះថ្នាក់ ដែលនាំទៅដល់ការជ្រៀតចូលនៃបទល្មើសឆ្លងដែន គ្រឿងញៀន ឬឧក្រិដ្ឋជននានា។
មហាជន ក៏ដូចជាអ្នកសារព័ត៌មាន យើងខ្ញុំសូមលំឱនកាយគោរពជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នអាណាព្យាបាល មេត្តាជួយពិនិត្យ ស្រាវជ្រាវ និងមានវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទៅលើបុគ្គលស្អុយរលួយក្នុងជួរមន្ត្រីទាំងនោះ ដើម្បីកុំឱ្យត្រីមួយកន្ត្រក ស្អុយទាំងអស់ និងដើម្បីរក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូរ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់នៅតាមច្រកទ្វារព្រំដែនឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយ ឬបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិដូងរៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ៕



