ហេតុ​អ្វី​អាជ្ញាធរ​ប្រើ​កម្លាំង​វាយ​ជណ្ដើរ​ចូល​ផ្ទះ​ខ្ញុំ​

ហេតុ​អ្វី​អាជ្ញាធរ​ប្រើ​កម្លាំង​វាយ​ជណ្ដើរ​ចូល​ផ្ទះ​ខ្ញុំ​

ក្រុមគ្រួសារ​អ្នក​ស្រីឆូ វត្តី​ដែល​មាន​លំនៅដ្ឋាន​តាម​បណ្ដោយ​ផ្លូវ​បឹង​ស្នេហ៍ ក្នុង​ភូមិ​បឹង​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​បាន​ស្រែក​រក​យុត្តិធម៌ ព្រោះ​តែ​អាជ្ញាធរ​ខេត្ត​បញ្ជា​កម្លាំង​ឲ្យ​វាយកម្ទិច​ជណ្ដើរ​បេតុង​ចេញចូល​ផ្ទះ​គាត់​។​សកម្មភាព​វាយ​កម្ទិច​កាំជណ្ដើរ​ផ្ទះ​អ្នក​ស្រីឆូ វត្តី (​ដូច​ឃើញ​ក្នុង​រូបភាព​) ធ្វើឡើង​នៅ​ថ្ងៃទី​18​ខែ​មិថុនា​ឆ្នាំ​2026​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្រុម​គ្រួសារ​ម្ចាស់ផ្ទះ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​លាយឡំ​នឹង​ការ​ចោទសួរ​ថា តើ​ហេតុអ្វី​បាន​ជា​ផ្ទះ​គេ​សាងសង់​ជណ្ដើរ​ចេញចូល​ដូច​ផ្ទះ​ខ្ញុំ​ដែរ តែ​អាជ្ញាធរ​មិន​វាយ ដោយ​ធ្វើ​ការឆ្លើយតប​ថា ផ្ទះ​គេ​ធ្វើ​យូរ​មក​ហើយ​ទៅវិញ ។ នៅពេល​សួរ​ថា ចុះ​ផ្ទះ​ដែល​ទើប​នឹង​ធ្វើ​ដែរ​នោះ​ហេតុអ្វី​មិន​វាយកម្ទិច​ផង​?​។​

​ជា​មតិ​គេហទំព័រ​កាសែត​ជាតិ ពាក្យ​ថា​ហេតុអ្វីៗ​ៗ​ៗ​មិន​ខុស​អ្វី​ពី​សុភាសិត​ខ្មែរ​លោក​ពោល​ថា​ប្រាជ្ញ​មួយ​ពាន់​គឺ​ដេញ​មិនទាន់​ពាល​មួយ​នោះ​ទេ ។ ព្រោះ​ចម្លើយ​ពិតប្រាកដ បើ​អ្នក​ផ្សេង​ធ្វើ​ជណ្ដើរ​បេតុង​ក្នុ​តំបន់​តែមួយ តែ​ក្រុម​គ្រួសារឆូ វត្តី​ត្រូវបាន​គេ​វាយ​កម្ទិច ជា​សត្យានុម័ត គឺ​មកពី​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​អាជ្ញាធរ មិនមែន​ហេតុអ្វី​នោះទេ ។ ដូច​ករណី​លោក​ស្រី ឡៅ អា​នី ទិញ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ជាង​ប្រាំ​ហិកតា រួច​ធ្វើ​ប្លង់​ជាន់​លើ​ដី​គេ​បាន​ដល់​20​ហិកតា សួរថា បើ​គ្មាន​លុយ​សូកប៉ាន់​មន្ត្រី​អ្នក​ធ្វើ​ប្លង់​តើ​អាច​បង្កើន​ទំហំ​ដី​បំពាន​លើ​ដី​អ្នក​ផ្សេង​បាន​ដោយ​របៀប​ណា​? ។ ដូច​ករណី​ដី​នៅ​ភូមិ​កំពង់​ពោធិ៍​ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល ឈ្មួញ​ទិញ​ដី​ឃុបឃិត​ជាមួយ​មន្ត្រី​ភូមិបាល​រួច​គម្រាម​ម្ចាស់​ដី​ថា​ជា​ដី​អាង​រដ្ឋ​បើ​មិន​លក់​ក៏​គេ​យក​ដែរ​រួច​ធ្វើ​ប្លង់​រឹង​លក់​ឲ្យ​ចិន​បាន ។ ចំណែក​អ្នក​មិន​ព្រម​លក់​ឲ្យ​ឈ្មួញ​ត្រូវបាន​មន្ត្រី​ជំនាញ​ដាក់ចូល​ជា​ដី​អាង​រដ្ឋ​ឆ្កុយ​ទៅ ។

​សួរថា ច្បាប់​ភូមិបាល​នៅ​ឯ​ណា​ដែល​ថ្នាក់ដឹកនាំ​អះអាងថា​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​5​ឆ្នាំ​ដោយ​គ្មាន​ការតវ៉ា​ណាមួយ​ពី​រដ្ឋ​ឬ​ឯកជន​គឺ​មាន​សិទ្ធ​ចុះបញ្ជី​ដីធ្លី​ស្រប​ច្បាប់​បាន​។​ផ្ទុយទៅវិញ​ពលរដ្ឋ​អាស្រ័យ​ផល​ជាង​40​ឆ្នាំ​ដោយ​គ្មាន​វិវាទ​អ្វី​សោះ​ដោយ​គ្រាន់តែ​មិន​ព្រម​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​ថោក​ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​ចោទ​ពលរដ្ឋ​ថា​អាស្រ័​ផល​លើ​ដី​រដ្ឋ​ទៅ​វិញ​។

​ឧទាហរណ៍​ខាងលើ​នេះ​គឺ​ចង់​បញ្ជាក់​ប្រាប់​អ្នក​ស្រីឆូ វត្តី​ឲ្យ​ជ្រាបថា ពាក្យ​ហេតុ​អ្វី​ដែល​អ្នកស្រី​ស្រែក​ទាមទារ សូម្បី​អ្នកប្រាជ្ញ​ក៏​រក​ចម្លើយ​ជូន​អ្នកស្រី​មិន​បានដែ ព្រោះ​រឿង​អយុត្តិធម៌​ដែល​កើតឡើង​ពាសពេញ​សង្គម​ខ្មែរ​សព្វថ្ងៃ គឺ​ផ្ដើមចេញ​ពី​លុយ បើ​គ្មាន​ការ​សូកប៉ាន់​និង​អ្នក​ស៊ីសំណូក​អ្នកស្រី​ក៏​មិន​ទទួលរង​នូវ​ភាពអយុត្តិធម៌​ដូច​ពេល​នេះ​ដែរ ៕

 

Filed in: ព័ត៌មានក្នុងប្រទេស