ល្បែងស៊ីសងអនឡាញមួយកន្លែង ដែលមានទីតាំងចុះតាមផ្លូវស្តុបព្រៃទារប្រហែល300ម៉ែត្រ ទល់មុខគ្លីនិក ដែលមានបន្ទប់ព្យាបាលថែទាំអ្នកជំងឺនៅខាងស្ដាំដៃ រួចបត់ឆ្វេងប្រហែល200ម៉ែត្រនោះ គេនឹងបានឃើញផ្ទះល្វែងមួយមានដើមស្វាយនៅពីមុខនឹងមានដាក់ឆ័ត្រសម្រាប់អ្នកអង្គុយយាមផ្ទះល្បែងអនឡាញដែលចាំបើកទ្វារឲ្យភ្ញៀវចេញចូល ។ នៅទីតាំងផ្លូវចូលទៅតាមស្តុប រហូតដល់កែងបត់ចូលផ្សារព្រៃទា គេសង្កេតឃើញភាគច្រើនជាហាងនិងភោជនីយដ្ឋានចិន80%ទៅហើយ សូម្បីទីតាំងល្បែងអនឡាញក៏នៅជាប់នឹងភោជនីយដ្ឋានចិន ហើយឃើញមានជនជាតិចិនចេញចូលក្នុងភោជនីយដ្ឋាននិងចេញចូលក្នុងទីតាំងល្បែងអនឡាញថែមទៀតផង ។
តាមការសាកសួរអ្នករត់ម៉ូតូឌុបមួយចំនួនដែលចតនៅក្បែទីតាំងនោះបានបញ្ជាក់ប្រាប់ដោយសុំមិនឲ្យថតរូបនិងថតសម្លេងឲ្យដឹងថា ទីតាំងដែលឮគេថាមានលេងល្បែងអនឡាញនេះ ឃើញតែបិទទ្វារនៅពេលមានភ្ញៀវចេញចូលទើបឃើញអ្នកយាមបើកទ្វារឲ្យ ។
អ្នកខ្លះទៀតបាននិយាយថា មិនដឹងថាជាល្បែងអនឡាញឬមានពួក Scammers នៅក្នុងនឹងទេ ព្រោះឃើញមានជនជាតិចិនចេញចូល ព្រោះបើស្ដាប់ព័ត៌មានពួកស្គេមឆបោកគឺមានតែជនបរទេស។
ពាក់ព័ន្ធនឹងទីតាំងល្បែងអនឡាញសង្ស័យថា មានបង្កប់ Scammers online គេហទំព័រកាសែតជាតិ មិនអាចរាយការណ៍សុំការបំភ្លឺពីលោកអធិការខណ្ឌសែនសុខបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកតែគ្មានអ្នកទទួលសូម្បីឆាតសួរតាមតេលេក្រាមក៏លោកអធិការមិនទាំងចូលមើលផង ។
សង្ឃឹមថាព័ត៌មានទីតាំងល្បែង onlin eឬសង្ស័យថា អាចមានបង្កប់ក្រុម Scammers online សមត្ថកិច្ចខណ្ឌសែនសុខនិងសមត្ថកិច្ចស្នងការរាជធានីភ្នំពេញមិនគួរមើលរំលងនោះទេ ព្រោះសុទ្ធសឹងជាបទល្មើសដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាស និងធ្វើការប្ដេជ្ញាចិត្តថានឹងបង្ក្រាបឲ្យអស់ពីកម្ពុជា ដោយសូម្បីអ្នកពាក់ព័ន្ធក៏ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ៕



