ឡេងណាវ៉ាត់ត្រា គឺជាឈ្មោះក្រុមហ៊ុន ប៉ុន្តែឈ្មោះប្រធានក្រុមហ៊ុនគឺឡេង ភក្ត្រា នេះបើផ្អែកតាមលិខិតទិញលក់ ព្រោះខ្ញុំក៏ជាជនរងគ្រោះមួយរូបដែរ ។ វាគួរឲ្យអស់សំណើចនៅពេលលោក ឡេង ភក្ត្រា ប្រកាសខ្ស័យធនដោយព្រមប្រគល់ដីធ្លី ទ្រព្យសម្បត្តិ ឡានម៉ូតូ រួមទាំងដីផ្នូរខ្មោចម្ដាយជូនក្រសួងរៀបចំដែនដីធ្វើការដោះស្រាយបន្ត ស្រាប់តែលេចចេញបងប្អូនប្រធានក្រុមហ៊ុនរូបនេះបានចាត់ទុកចំណាត់ការរបស់ក្រសួងដែលសម្រេចលក់ឡាយឡុងដីក្រុមហ៊ុនជាង1000ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសថាជារឿងមិនត្រឹមត្រូវទៅវិញ ។ មិនតែប៉ុណ្ណោះ ក៏មានសាច់ញាតិ លោក ឡេង ភក្ត្រា គំរាមសម្លាប់ខ្លួន សូម្បីអ្នកស្រីចន ច័ន្ទលក្ខិណា ក៏សម្ដែងចេញតាមបណ្ដាញសង្គមបារម្ភពីលោកឡេង ភក្ត្រាសម្លាប់ខ្លួនផងដែរ។
ជារឿងដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានពិបាកនឹងយល់ថាការអះអាងរបស់លោកឡេងភក្ត្រាគ្រាន់តែជាល្ខោនឬប៉ាហ៊ីថ្ពិនភ្នែកជនរងគ្រោះឲ្យប្រាកដ ។ ព្រោះបើប្រធានក្រុមហ៊ុនចេញមុខប្រកាសផ្ដល់ទ្រព្យសម្បត្តិក្រុមហ៊ុននិងទ្រព្យសម្បត្តិបងប្អូនរួមទាំងគោរម្យងារខ្លួនឯងនិងក្រុមគ្រួសារផងនោះ តើចាំបាច់អីត្រូវមកខ្វាយខ្វល់ពីចំណាត់ការក្រសួងទៅវិញ។ យើងដឹងហើយថា មហិច្ឆតារបស់ប្រធានក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា មិនមែនរកស៊ីមុខរបរអចលនៈទ្រព្យប៉ុណ្ណោះទេ ស្របពេលដែលក្រុមហ៊ុនមិនទាន់ទាំងបានផ្ដល់ផ្ទះ និងដីតាមកិច្ចសន្យាជូនអតិថិជនផង គឺគាត់យកលុយទៅចំណាយលើក្រុមហ៊ុនចំរៀង (កាឡាក់ស៊ី) ហ៊ានចាយលុយទិញអ្នកចម្រៀងអស់លុយមិនតិចទេ ហាក់ពុំបានខ្វល់ពីលុយដែលអតិថិជនបង់ប្រាក់ឲ្យគ្រប់ចំនួននោះឡើយ ។ ហើយការគម្រាមយកការស្លាប់របស់ក្រុមគ្រួសារប្រធានក្រុមហ៊ុនឡេងណាវ៉ាត់ត្រា មហាជនយល់ថា សូមកុំបន្តសម្ដែងធ្វើកំសត់តទៅទៀតលែងមានតម្លៃសម្រាប់មហាជនតទៅទៀតហើយ ។ ព្រោះអ្នកដែលគួឲ្យអាណិតនិងខ្លោចផ្សាពិតប្រាកដ គឺជាជនរងគ្រោះដែលចងការប្រាក៎ពីធនាគារយកលុយមកឲ្យក្រុមគ្រួសារត្រកូល(ឡេង) មានមុខមាត់ហ៊ឺហារជិះឡានទំនើបៗ ក្រោមរូបភាពឆបោកពីញើសឈាមរាស្ត្រស្លូតត្រង់រកទីបញ្ចប់គ្មាន ។ ចំណែកអ្នកបារម្ភនិងគម្រាមសម្លាប់ខ្លួន វាគ្រាន់តែជាល្ខោនហួសសម័យទៅហើយ ព្រោះអ្នកចង់សម្លាប់ខ្លួនពិតប្រាកដគេមិនដែលប្រកាសឲ្យគេដឹងឬលួចប្រាប់មិត្តភ័ក្ត្រឲ្យបារម្ភតាមបណ្ដាញសង្គមនោះទេ ៕



